(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលទីតាំងមណ្ឌុលសុវត្ថិភាព និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលភាគច្រើន លើសលប់ បងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកពីស្រុកជាំក្សាន្ត ក្រោយស្នូរកាំភ្លើងផ្ទុះឡើងខ្លាំងបង្កដោយកងទ័ពឈ្លានពានថៃ នាព្រឹកព្រលឹមថ្ងៃនេះ។
ទីតាំងមណ្ឌលសុវត្ថិភាពដែល លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារអញ្ចើញចុះពិនិត្យនាពេលនេះរួមមាន៖ មណ្ឌលសុវត្ថិភាពវត្តបាក់កាំ ក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ និងមណ្ឌលសុវត្តិភាពវត្តទួលអណ្តែត ក្នុងឃុំថ្មី ស្រុកគូលែន។
គោលបំណងនៃការអញ្ជើញចុះពិនិត្យមើលតាមទីតាំងមណ្ឌលសុវត្ថិភាពនានារបស់លោកអភិបាលខេត្តព្រះវិហារ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ទាំងការរៀបចំទីកន្លែងស្នាក់នៅ ព្រមទាំងតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួន។
ដោយឡែកនៅមណ្ឌលសុវត្ថិភាពវត្តភ្នំសង្កែ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ជាប់ព្រំដែនឡាវ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ក៏បានដឹកនាំក្រុមការងាររៀបចំទីតាំងមណ្ឌល សុវត្ថិភាពឡើងវិញ ដើម្បីទទួលពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា នាព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្ខំចិត្តចាកចេញពីផ្ទះសំបែង ទាំងអារម្មណ៍ភ័យព្រួយ ពិសេសអ្នកដែលមានកូនចៅតូចៗ បន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពឈ្លានពានថៃ បាញ់មកលើទឹកដីកម្ពុជាយើងមុន៕


























0 Comments:
Post a Comment