(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ពិភពលោកទាំងមូលជាពិសេសអ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកបានមើលឃើញពីភាពឃោរឃៅយង់ឃ្នងរបស់យោធាថៃដែលបានវាយកម្ទេចបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាទេវបង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំងទ័ពឈ្លានពានកម្ពុជា។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងា កាសែតនានាលើពិភពលោក បានបន្តយកប្រធានបទនេះមកជជែក។ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាម ឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុៈជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបានបានបាប! បាបមិនចាំជាតិក្រោយទេ!
គួរឱ្យដឹងថា ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។
ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕

















0 Comments:
Post a Comment