(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ស្របតាម និម្មាបនកម្មគាំពារសង្គមឌីជីថល ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។
ការលើកឡើងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» “Digital Social Protection Platform” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ស្របតាមនិម្មាបនកម្មគាំពារសង្គមឌីជីថល ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨»។
ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាអាទិភាពខ្ពស់ចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយផ្តល់ការគាំពារ ដល់ពលរដ្ឋគ្រប់រូប ទប់ទល់នឹងហានិភ័យដែលអាចកើតមានក្នុងវដ្តជីវិត សំដៅលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ ក្នុងសង្គម ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ រយៈពេលវែងក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម គឺជាកត្តាគន្លឹះមួយ សម្រាប់គាំទ្រដល់ការអនុវត្ត និងការកំណត់ជោគជ័យនៃ «គោលដៅយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព» ប្រកបដោយភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកក្នុងការអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ឆ្នាំ ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥» ផងដែរ។ នេះគឺជាកិច្ចការដែលក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងគិតគូររៀបចំយ៉ាងល្អិតល្អន់ ចាប់តាំងពីឆ្នាំ២០២៣មក។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា សុមេធី, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងលោក ស្តេហ្វេន មេសសេរឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចំពោះការថ្លែងនូវមតិចំណាប់អារម្មណ៍ដ៏ក្បោះក្បាយ, ជាពិសេស អំពីអត្ថប្រយោជន៍នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ និងសូមសម្តែងនូវអំណរគុណដល់លោកបណ្ឌិត ចន ណារិទ្ធ, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ដែលបានផ្តល់នូវរបាយការណ៍ និងបទបង្ហាញសង្ខេបអំពីទិដ្ឋភាពរួមនៃថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេស «ការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបបញ្ជាក់ថា វឌ្ឍនភាពដែលសម្រេចបាននេះ ពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំយ៉ាងមោះមុត របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាប្រតិបត្តិករគាំពារសង្គម ក្រោមការសម្របសម្រួលកម្រិតគោលនយោបាយ ពីសំណាក់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និង កម្រិតបច្ចេកទេសពីសំណាក់លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ព្រមទាំងការចូលរួមអនុវត្ត ប្រកបដោយស្មារតីបុរេសកម្ម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះក៏បានបង្ហាញពីការប្រឹងប្រែងឥតឈប់ឈររបស់ភាគីពាក់ព័ន្ធទាំងឡាយ ក្នុងការចូលរួមអនុវត្តគោលដៅយុទ្ធសាស្ត្រនៃ «ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម» របស់រាជរដ្ឋាភិបាលរហូតសម្រេចបាននូវលទ្ធផលដ៏ល្អគួរឱ្យកត់សម្គាល់៕































0 Comments:
Post a Comment